❖ ចក្ខុវិស័យ បេសកកម្ម និងគោលដៅ
ក-សេចក្តីផ្តើម
ការអប់រំ គឺជាកូនសោមួយសម្រាប់បើកទ្វារចូលទៅក្នុងពិភពលោកដ៏ទំនើប ដែលពោរពេញដោយសក្តានុពលនៃការអភិវឌ្ឍ និងជាទ្រព្យធនដែលមនុស្សជាតិគ្រប់គ្នាត្រូវការដោយខានមិនបាន ក្នុងការធ្វើឲ្យសម្រេចបាននូវ ជីវភាពរស់នៅប្រកបដោយសុខដុមរមនា ដោយមាន ឧត្តមភាព សន្តិភាព សេរីភាព និង យុត្តិធម៌សង្គម។ ជាការពិតណាស់ ការសិក្សាគឺជាដំណើរការមួយ ដែលត្រូវធ្វើឡើងពេញមួយជីវិត រៀនហើយរៀនទៀត រៀនមិនចេះចប់ ហើយចំណេះដឹងដែលបានពីការសិក្សាទាំងនោះ គឺជាធនធានមនុស្សដ៏មានតំលៃបំផុត សម្រាប់ធ្វើការអភិវឌ្ឍប្រទេសជាតិ ឲ្យបានរីកចំរើន និងរត់ឲ្យទាន់ចលនាសកលភាវូបនីយកម្ម នៅលើសកលលោកនាពេលបច្ចុប្បន្ននេះ។ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវ យុទ្ធសាស្រ្តចតុកោណ ដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធភាព នៅកម្ពុជា គឺ ការកសាងសមត្ថភាព និងការអភិវឌ្ឍធនធានមនុស្ស។ ដោយមានការប្តេជ្ញាចិត្ត និងយកចិត្តទុកដាក់ខ្ពស់ដល់គុណភាពអប់រំ សាលាចំណេះទូទៅ ប៊ែលធី អន្តរជាតិ មួយត្រូវបានបង្កើតឡើង និងបានខិតខំជំរុញដល់អ្នកសិក្សាទាំងអស់ឲ្យអនុវត្តនូវសកម្មភាពល្អៗ ដែលមានប្រយោជន៍សម្រាប់ខ្លួនឯង សម្រាប់គ្រួសារ និងសម្រាប់សង្គមជាតិ តាមរយៈការផ្តល់ សេវាអប់រំដ៏មានប្រសិទ្ធភាពខ្ពស់បំផុតមួយ ដើម្បីចូលរួមចំណែក និងឆ្លើយតបជាមួយរាជរដ្ឋាភិបាលកម្ពុជាដែលកំពុងយកចិត្តទុកដាក់ពង្រឹងគុណភាពអប់រំ និងបានយកវិស័យអប់រំ ធ្វើជាវិស័យអត្ថិភាពសម្រាប់ការអភិវឌ្ឍប្រទេស។
ខ-ចក្ខុវិស័យ
សាលាចំណេះទូទៅ ប៊ែលធី អន្តរជាតិ នឹងក្លាយជាគ្រឹះស្ថានអប់រំឯកជនមួយ ដែលឈានមុខគេ និងល្បីឈ្មោះជាងគេនៅក្នុងប្រទេសកម្ពុជា លើការបណ្តុះបណ្តាលថ្នាក់បឋមសិក្សា មធ្យមសិក្សាបឋមភូមិ និងមធ្យមសិក្សាទុតិយភូមិ ។ សិស្សដែលបានបញ្ចប់ការសិក្សាពី សាលា ប៊ែលធី អន្តរជាតិ នឹងមានសមត្ថភាពគ្រប់គ្រាន់ទាំងផ្នែកបញ្ញាស្មារតី ចំណេះដឹងទូទៅ ភាសាអង់គ្លេស និងជំនាញកុំព្យូទ័រ និងអាចបន្តការសិក្សានៅតាមបណ្តាសាកលវិទ្យាល័យនានាទាំងក្នុងប្រទេស និងក្រៅ ប្រទេសប្រកបដោយជោគជ័យ ស្របតាមពាក្យស្លោករបស់ ប៊ែលធីគឺ BELTEI, the Best Quality of Education in Cambodia។
គ-បេសកកម្ម
⚬ ផ្តល់នូវការអប់រំ ស្របតាមកម្មវិធីសិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡា តាំងពីបឋមសិក្សា រហូតដល់មធ្យមសិក្សាទុតិយភូមិ ហើយបានបញ្ចូល នូវភាសាអង់គ្លេសគន្លឹះសំខាន់ៗ ទៅលើចំណងជើង ចំណងជើងរង តាមមុខវិជ្ជានីមួយៗ ពីថ្នាក់ទី១ ដល់ថ្នាក់ទី១២ មានចំនួន ១១,១១៣ ពាក្យ។
⚬ ផ្តល់នូវការសិក្សាបច្ចេកវិទ្យាកុំព្យូទ័រ និងថ្នាក់បំប៉នថ្ងៃអាទិត្យ ដល់សិស្សថ្នាក់ប្រឡងទី៩ និងទី១២ ។
⚬ លោកគ្រូ អ្នកគ្រូ សុទ្ធតែមានបទពិសោធន៌បង្រៀនជាច្រើនឆ្នាំ ពិសេសមានសញ្ញាបត្រឯកទេសគរុកោសល្យ ត្រឹមត្រូវ និងច្បាស់លាស់។
⚬ ផ្តល់នូវកម្មវិធីទស្សនកិច្ចសិក្សា នៅសារមន្ទីរជាតិ កន្លែងប្រវត្តិសាស្រ្តផ្សេងៗ ដើម្បីផ្សារភ្ជាប់ទ្រឹស្តី និងជីវភាពរស់នៅជាក់ស្តែង។
⚬ ផ្តល់ឲ្យសិស្សនូវចតុស្តម្ភនៃការអប់រំគឺ រៀនដើម្បីចេះដឹង រៀនដើម្បីចេះធ្វើ រៀនដើម្បីមានសីលធម៌ល្អ និងរៀនដើម្បី រួមរស់ជាមួយគ្នា។
⚬ បំពាក់នូវសម្ភាររូបវន្តទំនើបៗ និងអនុវត្តតាមប្រព័ន្ធស្តង់ដាប៊ែលធីតែមួយ(ប៊ែលធី Standard)។
⚬ ពង្រឹងគុណភាពអប់រំ វិន័យ សីលធម៌ គុណធម៌ ដល់សិស្សជាប្រចាំ ដោយបញ្ចៀសបាននូវអំពើអសកម្មទាំងឡាយ នៅក្នុងសង្គមដូចជា ការមិនគោរពច្បាប់រដ្ឋ សេពគ្រឿងញៀន ក្មេងទំនើង និងអសីលធម៌ នៅក្នុងសង្គម។
⚬ ផ្តល់រង្វាន់លើកទឹកចិត្តដល់សិស្សពូកែ ប្រចាំឆមាស ប្រចាំឆ្នាំ ថ្នាក់រាជធានី និងថ្នាក់ជាតិ។
ឃ-គោលដៅ
ដោយមានចក្ខុវិស័យ និងបានរៀបចំបេសកកម្មក្នុងការលើកកម្ពស់គុណភាពវិស័យអប់រំច្បាស់លាស់ យើងមានជំនឿជាក់ថា សិស្សានុសិស្ស ដែលបានបញ្ចប់ការសិក្សាថ្នាក់ទី ១២ នឹងប្រឡងជាប់ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ថ្នាក់ជាតិបាន១០០% ដែលរៀបចំឡើងដោយ ក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា និងទទួលបានការអប់រំមួយ ដែលមានគុណភាពអប់រំខ្ពស់ មានសមត្ថភាព គ្រប់គ្រាន់ទាំង បញ្ញា ស្មារតី ចំណេះដឹងទូទៅគ្រប់ផ្នែកដូចជា ភាសាខ្មែរ ភាសាអង់គ្លេស គណិតវិទ្យា សិក្សាសង្គម វិទ្យាសាស្រ្តអនុវត្តន៍ បំណិនជីវិត អត្តចរិតថ្លៃថ្នូរ និងអាចចូលរៀននៅសកលវិទ្យាល័យនានា ទាំងក្នុងប្រទេស និងក្រៅប្រទេស បានដោយជោគជ័យ ស្របតាមបាវចនារបស់ប៊ែលធីគឺ គុណភាព ប្រសិទ្ធភាព ឧត្តមភាព សីលធម៌ គុណធម៌។